កិច្ចព្រមព្រៀង

    កិច្ចព្រមព្រៀងនេះមានគោលបំណង ដើម្បីបង្កើតការទំនាក់ទំនងអាជីវកម្មរវាង ក្រុមហ៊ុន អិនអេសហ្សេត វើលដ៍ និងអ្នកចែកចាយផលិតផលដែលជាដៃគូអាជីវកម្ម ដោយអនុលោមទៅតាមការយោគយល់គ្នាក្នុងការលក់ផលិតផលរបស់ក្រុមហ៊ុន ។ វិធាន និងបទបញ្ញត្តិទាំងនេះត្រូវបានអនុវត្តចំពោះដៃគូអាជីវកម្មទាំងអស់ តាមលក្ខខណ្ឌដូច ៖
I. គោលការណ៍ទូទៅ
    ១. ដៃគូអាជីវកម្មទាំងអស់ត្រូវមានវិន័យ និងក្រមសីលធម៌ និងត្រូវគោរព  អនុវត្តតាមគោលការណ៍ និងបទបញ្ជាផ្ទៃក្នុង ឬសេចក្តីប្រកាសរបស់ក្រុមហ៊ុនអោយបានជាដាច់ខាត ។
    ២. ដៃគូអាជីវកម្មទាំងអស់ត្រូវធ្វើការលើកកម្ពស់ និងផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនដោយផ្ទាល់ ទៅកាន់អតិថិជន (អ្នកប្រើប្រាស់ចុងក្រោយ) ដោយរក្សា និងប្រកាន់ខ្ជាប់នូវភាពសុចរិតភាព ភាពស្មោះត្រង់ ព្រមទាំងមានទំនួលខុសត្រូវក្នុងការដោះស្រាយវិវាទដែលអាចកើតមានឡើងក្នុងក្រុមហ៊ុន រវាងអតិថិជន និងដៃគូអាជីវកម្មជាដើម ។
    ៣. ត្រូវធ្វើការបង្ហាញផលិតផល និងគម្រោងតាមរូបភាពស្មោះត្រង់ និងត្រឹមត្រូវ ព្រមទាំងមិនធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុន ដោយសារការធ្វើបទបង្ហាញខុសរបស់ដៃគូអាជីវកម្មទៅលើផលិតផល និងគម្រោងឡើយ ។ ការពារពាណិជ្ជសញ្ញារបស់ផលិតផល និងពាណិជ្ជនាមក្រុមហ៊ុនអិនអេសហ្សេត វើលដ៍ ហើយត្រូវតែទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនជាមុនសិន មុននឹងយកទៅប្រើប្រាស់ក្នុងការផ្សាយ ពាណិជ្ជកម្មណាមួយ ។
    ៤. ក្រុមហ៊ុនអិនអេសហ្សេត វើលដ៍មានមធ្យោបាយក្នុងការចែកចាយផលិតផលតាមរយៈប្រព័ន្ធអ៊ីនធឺណែត(អនឡាញ) និងការចែកចាយតាមប្រព័ន្ធបណ្តាញទីផ្សារ ហើយមានតែដៃគូក្រុមហ៊ុនប៉ុណ្ណោះដែលអាចធ្វើការចែកចាយបាន ។
    ៥. ដៃគូទាំងអស់មិនមែនជាអ្នកចូលរួមបណ្តាក់ទុន (ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនទេ) គឺគ្រាន់តែជាអ្នកទទួលសិទ្ធិធ្វើអាជីវកម្ម បែបជាដៃគូ ភ្នាក់ងារ ទីផ្សាររបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ។ ដៃគូទាំងអស់មិនមានអំណាច ឬសមត្ថកិច្ចតាមផ្លូវច្បាប់ ក្នុងការទទួលសងបំណុល និងមានកាតព្វកិច្ច ឬការទទួលខុសត្រូវណាមួយក្នុងនាមក្រុមហ៊ុននោះទេ ។
    ៦. ដៃគូអាជីវកម្មទាំងអស់ គឺជាអ្នកធ្វើការដោយឯករាជ្យ ក្រោមការទទួលខុសត្រូវផ្ទាល់ខ្លួល មានសិទ្ធសម្រេចចិត្តដោយខ្លួនឯងក្នុងការទិញ -លក់ផលិតផលតាមរយៈ ក្រុមហ៊ុនអិនអេសហ្សេត វើលដ៍ ក្នុងគណនីផ្ទាល់ខ្លួនដែលបានចុះឈ្មោះក្នុងគេហទំព័រអិនអេសហ្សេត វើលដ៍ ។ ក្រុមហ៊ុន នឹងមិនទទួលខុសត្រូវផ្លូវច្បាប់ចំពោះរាល់សកម្មភាព ដែលបានប្រព្រឹត្តដោយដៃគូអាជីវកម្មឡើយ ។ លើសពីនេះ ភាគីទាំងពីរបានទទួលស្គាល់ថា ដៃគូអាជីវកម្មមិនមែនជាបុគ្គលិក ដោយគោរពតាមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនដើម្បីទទួលប្រយោជន៍ពន្ធមូលដ្ឋាន ឬប្រយោជន៍ផ្សេងទៀតនោះទេ ។
    ៧. ដៃគូអាជីវកម្មទាំងអស់ត្រូវទទួលខុសត្រូវចំពោះ ការចំណាយលើការងាររបស់ខ្លួនទាំងស្រុង រួមទាំងពន្ធផ្សេងៗ កើតចេញពីការលក់ ឬរកស៊ីផ្ទាល់ខ្លួន ដែលបានតម្រូវអោយបង់តាមច្បាប់ប្រទេសកម្ពុជា ។ 
    ៨. ក្រុមហ៊ុន ឬដៃគូអាជីវកម្មទាំងអស់អាចបញ្ចប់កិច្ចព្រមព្រៀងនៅពេលណាមួយ ក្នុងហេតុផលណាមួយដែលសមស្រប ដោយធ្វើការជូនដំណឹងជាលាយលក្ខណ៍ អក្សរទៅកាន់ភាគីម្ខាងទៀត ។ រាល់ដៃគូអាជីវកម្មទាំងអស់អាចចាកចេញ ឬធ្វើការលុបឈ្មោះពីសមាជិកភាពដោយធ្វើការស្នើសុំមកក្រុមហ៊ុន ។ ក្រុមហ៊ុនមិនចាំបាច់ធ្វើការជូនដំណឹងជាមុន ក្នុងករណីមានការរំលោភលើបញ្ញត្តិណាមួយក្នុងកិច្ចព្រមព្រៀងនេះ ។ ក្នុងការវាយតម្លៃពីសកម្មភាពដែលរំលោភលើកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងធ្វើការពិចារណាដោយ កំណត់ទៅលើអង្គហេតុ និងកម្រិតនៃការបំពាន ។
    ៩. ដៃគូអាជីវកម្មទាំងអស់យល់ព្រមទទួលស្គាល់សមត្ថកិច្ចតុលាការកម្ពុជា និងមជ្ឈត្តការពាណិជ្ជកម្មកម្ពុជា ព្រមទាំងវិធានច្បាប់កម្ពុជា ដើម្បីធ្វើជាមូលដ្ឋានក្នុងការដោះស្រាយវិវាទដែលអាចកើតមានឡើង ។
    
II. ក្រមសីលធម៌
    ដើម្បីបង្កើតវប្បធម៌គោរពគ្នាទៅវិញទៅមក ក្នុងអាជីវកម្ម និងដើម្បីធានានូវភាពយុត្តិធម៌ ក៏ដូចជាភាពស្មោះត្រង់ នៃសកម្មភាពជំនួញរវាងដៃគូអាជីវកម្ម ក្រុមហ៊ុនអិនអេសហ្សេត វើលដ៍ សូមចែងនូវក្រមសីលធម៌ និងតម្រូវអោយដៃគូអាជីវកម្មទាំងអស់ប្រតិបត្តិទៅតាមក្រមនេះជាដាច់ខាត។ ការកំណត់នេះ ដើម្បីជៀសវាង និងការពារនូវការប៉ះពាល់ដល់អត្ថប្រយោជន៏ ហើយនឹងការលើកកំពស់ដល់ការរីកចំរើនយូរអង្វែងក្នុងជំនួញដែលស្តែងឡើងតាមរយៈការទុកចិត្តគ្នារវាងដៃគូអាជីវកម្ម ដូច្នេះតម្រូវអោយមានការអនុវត្តទណ្ឌកម្ម និងការដាក់ពិន័យយ៉ាងតឹងរឹង ចំពោះការបំពានលើក្រមសីលធម៌នេះ ដោយអាស្រ័យតាមកម្រិតនៃសកម្មភាពបំពានដូចខាងក្រោម៖
    ១. រាល់ការចុះឈ្មោះជនណាម្នាក់ដោយគ្មានការយល់ព្រមពីសមីខ្លួន ការចុះឈ្មោះដោយប្រើព័ត៌មានក្លែងក្លាយ ការចុះឈ្មោះស្ទួនគ្នា ជាអំពើផ្ទុយពីបទបញ្ញាត្តិ នៃការចុះឈ្មោះរបស់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ។ ដៃគូអាជីវកម្មទាំងអស់ដែលបានប្រព្រឹត្តផ្ទុយពី បទបញ្ញត្តិនៃក្រមនេះ នឹងត្រូវលុបឈ្មោះចោលភ្លាមៗ ព្រមទាំងធ្វើការដាក់ទណ្ឌកម្មដូចជាការលុបឈ្មោះសមីខ្លួន ការលុបឈ្មោះដៃគូអាជីវកម្មជាខ្សែបណ្តាញ ការផ្អាក កម្រៃជើងសារ ការទំលាក់តំណែង ការបញ្ចុះមកនៅខ្សែក្រោម ដោយយោងតាមសេចក្តីសម្រេចរបស់គណៈកម្មការក្រមសីលធម៌ បន្ទាប់ពីទទួលបានការបញ្ជាក់ច្បាស់លាស់ ។
    ២. ដៃគូអាជីវកម្មទាំងអស់មិនត្រូវបំភាន់ជនណាម្នាក់ ដោយការផ្តល់ព័ត៌មានមិនពិត ឬផ្សព្វផ្សាយបំផ្លើសពីផែនការទីផ្សារ គុណភាពផលិតផល ឬតំលៃនោះទេ ។ រាល់ការបំផ្លើសពីមាត់មួយទៅមាត់មួយតាមគំនិតផ្ទាល់ខ្លួនដោយគ្មានការទទួលស្គាល់ពីក្រុមហ៊ុន និងការប្រៀបធៀបផលិតផល និងផែនការទីផ្សារក្រុមហ៊ុនអិនអេសហ្សេត វើលដ៍ ជាមួយក្រុមហ៊ុនផ្សេងគឺត្រូវបានហាមឃាត់ ។
    ៣. ការចុះឈ្មោះដើម្បីទិញផលិតផលត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ដោយមិនមានការបង្ខំអោយចុះឈ្មោះ ឬ ធ្វើកិច្ចសន្យាអោយជនណាម្នាក់សន្យាចុះឈ្មោះជាដាច់ខាត ។ ដៃគូអាជីវកម្មទាំងអស់ មិនត្រូវធ្វើការបង្ខិតបង្ខំ ឬលួងលោម ដល់អ្នកដែលនៅខ្សែក្រោមរបស់ខ្លួន ឬអតិថិជនអោយទិញផលិតផលដោយគ្មានតម្រូវការប្រើប្រាស់នោះទេ ជាពិសេសការបង្ខំទិញផលិតផលក្នុងគោលបំណងឡើងតំណែង ។
    ៤. ក្រុមហ៊ុនហាមឃាតរាល់ការទិញទឹកចិត្ត ការប្រើឈ្មោះអ្នកមានមុខមាត់ក្នុងសង្គមដើម្បីទាក់ទាញ និងការសន្យាផ្តល់អត្តប្រយោជន៍ផ្សេងៗដើម្បីជាថ្នូរទៅនឹងការចុះឈ្មោះ ។ ការទទូចបង្ខំមិនឈប់មិនឈរ អោយជនដែលមិនចង់ទិញ ឬប្រើប្រាស់ផលិតផល និងការដាក់បន្ទុកអោយជនណាម្នាក់ចុះឈ្មោះដោយបង់ប្រាក់ ឬទារថ្លៃបណ្តុះបណ្តាលក៏ជាអំពើដែលត្រូវហាមឃាត់ផងដែរ ។
    ៥. ក្រុមហ៊ុនហាមឃាត់ដាច់ខាត ចំពោះការអូសទាញខ្សែបណ្តាញគ្នា ការផ្លាស់ប្តូរអ្នកណែនាំដោយមានភាពមិនប្រក្រតី ព្រមទាំងទំនាក់ទំនងផ្ទាល់ខ្លួនណាមួយផ្សេងទៀត ដែលអាចធ្វើអោយប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ដៃគូអាជីវកម្ម ។
    ៦. ក្រុមហ៊ុនហាមដាច់ខាតចំពោះការបញ្ជាក់របស់ដៃគូអាជីវកម្ម ដែលធ្វើអោយអ្នកដទៃមានការភាន់ច្រលំថាខ្លួនជាបុគ្គលិកក្រុមហ៊ុន ឬជាអ្នកលក់ផ្តាច់មុខរបស់ក្រុមហ៊ុន ។ រាល់ការផ្តល់មធ្យោបាយអោយអ្នកដែលមិនមែនជាដៃគូអាជីវកម្ម តែធ្វើសកម្មភាពដូចជាដៃគូអាជីវកម្ម ការរិះគន់ និយាយដើម បង្ខូចគេឈ្មោះ ដៃគូអាជីវកម្មដទៃ និងធ្វើការតិះតៀនរវាងក្រុមហ៊ុន និងដៃគូអាជីវកម្មជាអំពើផ្ទុយពីក្រមសីលធម៌ ។ ដៃគូអាជីវកម្មទាំងអស់មិនត្រូវ ធ្វើការផ្ទេរ ទិញ-លក់ ឬទទួលរចនាសម្ព័ន្ធរបស់អ្នកដទៃ និងយកអាជីវកម្មរបស់ក្រុមហ៊ុនអិនអេសហ្សេត វើលដ៍ មកបាំងមុខដើម្បីធ្វើអាជីវកម្មផ្សេងនោះទេ ។
    ៧. ដៃគូអាជីវកម្មទាំងអស់មិនត្រូវធ្វើអោយក្រុមហ៊ុនរាំងស្ទះដំណើរការដោយសារការស្នើសុំហួសហេតុដែលមិនអាចទទួលយកបាន ។ ក្រុមហ៊ុនហាមរាល់ការវាយប្រហារពាក្យសម្តី ការប្រើហឹង្សា នៅកន្លែងប្រារព្ធពិធីរបស់ក្រុមហ៊ុន ការគំរាមកំហែង ការបង្កវិវាទ និងការបង្កើតក្រុមចុះហត្ថលេខាដើម្បីធ្វើការប្តឹង និងទាមទារអោយដាក់ពិន័យ ឬទណ្ឌកម្ម ដល់ដៃគូអាជីវកម្មផ្សេងដោយគ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់នោះទេ ។
    ៨. ដៃគូអាជីវកម្មទាំងអស់មិនត្រូវធ្វើអោយសមាជិកផ្សេងបាក់បែកគ្រួសារ និងចាកចេញពីផ្ទះដោយសារសកម្មភាពជំនួញរបស់ក្រុមហ៊ុន និងមិនត្រូវធ្វើការអូសទាញដៃគូអាជីវកម្មមិនអោយចូលផ្ទះ ដើម្បីបង្កើតក្រុមប្រជុំការងារ ព្រមទាំងធ្វើការចាប់ចំនុចខ្សោយរបស់ដៃគូអាជីវកម្មឡើយ។ ករណីអ្នកដឹកនាំបង្តើតរឿងសាហាយស្មន់ធ្វើជាគំរូអាក្រក់ដល់ដៃគូអាជីវកម្មផ្សេង ក្រុមហ៊ុននឹងធ្វើការលុបឈ្មោះ ឬធ្វើការដាក់ទណ្ឌកម្មផ្សេងៗតាមការសម្រេចរបស់គណកម្មការវាយតំលៃក្រមសីលធម៌ ។
    ៩. ក្រុមហ៊ុនហាមឃាត់ដាច់ខាត ចំពោះការប្រើប្រាស់ខុសច្បាប់នៃកាតឥណទាន ឬដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលគ្មានភាពស្របច្បាប់ ឬប្រើប្រាស់ប្រតិបតិ្តការដែលគ្មានការអនុញ្ញាត ។
    ១០. ក្រុមហ៊ុនមិនអនុញ្ញាតអោយដៃគូអាជីវកម្មប្រើវិធីសាស្រ្តទាក់ទាញណាមួយ ដើម្បីអោយដៃគូរបស់ខ្លួន ចូលជាសមាជិកក្រុមហ៊ុនបណ្តាញទីផ្សារផ្សេងទៀត ឬផ្សព្វផ្សាយ និងលក់ផលិតផលរបស់ក្រុមហ៊ុនបណ្តាញផ្សេងនោះទេ។
    ១១. ដៃគូអាជីវកម្មទាំងអស់ត្រូវរក្សារការសម្ងាត់នូវរាល់ព័ត៌មានដែលបានទទួលពីអតិថិជន ឬព័ត៌មាន ដែលបានប្រមូលពីបណ្តាញអាជីវកម្មរបស់ក្រុមហ៊ុន ដោយមិនត្រូវធ្វើការថតចម្លង ប្រមូលទុក ឬបង្ហាញព័ត៌មាន ដោយមិនមានការយល់ព្រមពីសមីខ្លួននោះទេ ។
    ១២. ក្រុមហ៊ុនមិនអនុញ្ញាតអោយ ដៃគូអាជីវកម្មធ្វើសកម្មភាពដូចតទៅ ៖
        ក. ប្រើប្រាស់ពាណិជ្ជសញ្ញា ឬពាណិជ្ជនាមក្រុមហ៊ុន អិនអេសហ្សេត វើលដ៍នៅលើគេហទំព័រផ្ទាល់ខ្លួន ឬលើមធ្យោបាយធ្វើអាជីវកម្មណាមួយ ដែលមិនបានទទួលការយល់ព្រមពីក្រុមហ៊ុន ។
        ខ. មិនត្រូវធ្វើការផ្សព្វផ្សាយផលិតផល ឬព័ត៌មានផ្សេងៗអំពីក្រុមហ៊ុនតាមបណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា ដោយគ្មានកាអនុញ្ញាតពីក្រុមហ៊ុនឡើយ ។
        គ. រាល់ដៃគូអាជីវកម្មទាំងអស់មិនត្រូវប្រើប្រាស់និមិត្តសញ្ញាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ដោយដាក់តាំងបង្ហាញលើអាគារពាណិជ្ជកម្ម ឬបិទតាំងតាមរថយន្តដោយគ្មានការអនុញ្ញតពីក្រុមហ៊ុននោះទេ ។
        ឃ. រាល់ដៃគូអាជីវកម្មទាំងអស់ ត្រូវតែទិញផលិតផលដោយផ្ទាល់ តំណាងចែកចាយតាមបណ្តាខេត្តដែលខ្លួនរស់នៅ និងមិនត្រូវចែកចាយទៅអោយនរណាម្នាក់ ដើម្បីលក់បន្តដោយមិនបានចុះឈ្មោះចូលជាដៃគូរបស់ក្រុមហ៊ុននោះទេ ។
        ង. ហាមប្តូរផលិតផល ផ្លាស់ប្តូរការវេចខ្ចប់ វេចខ្ចប់សារជាថ្មី ដាក់បន្ថែមលើស្លាកផលិតផល ឬធ្វើការផ្លាស់ប្តូរ បរិមាណផលិតផល និងធ្វើការវេចខ្ចប់ថ្មីខុសពីផលិតផលដើម ដើម្បីក្លែងបន្លំថាជាផលិតផលរបស់ក្រុមហ៊ុន អិនអេសហ្សេត វើលដ៍ ជាដាច់ខាត ។
        ច. មិនត្រូវផ្ដល់ព័ត៌មានមិនច្បាស់ការណ៍ ព័ត៌មានមិនគ្រប់គ្រាន់ មិនត្រូវផ្សព្វផ្សាយព័ត៌មានមិនច្បាស់ និងមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន ឬនិយាយបំផ្លើសការពិតអំពីក្រុមហ៊ុនឡើយ ។
    ករណីមានការរាយការណ៍ ឬរកឃើញថាដៃគូអាជីវកម្មណាមួយ មិនគោរពបម្រាមទាំងនេះ ក្រុមហ៊ុននឹងធ្វើការផាកពិន័យចំពោះបុគ្គលផ្ទាល់ អ្នកណែនាំ និងដៃគូអាជីវកម្មដែលមានការពាក់ព័ន្ធ ដោយយោងតាមកម្រិត នៃការប្រព្រឹត្តល្មើស ។
    ១៣. ដៃគូអាជីវកម្មទាំងអស់ត្រូវស្វែងយល់ និងអនុវត្តតាមច្បាប់ទាក់ទងនឹងអាជីវកម្ម របស់ខ្លួនក៏ដូចជាបទបញ្ញត្តិដែលកំណត់ដោយក្រុមហ៊ុន ។ បទបញ្ញត្តិ និងក្រមសីលធម៌ត្រូវអនុលោមតាមគោលការណ៍ របស់ក្រុមហ៊ុន ។ រីឯក្រមសីលធម៌ខាងលើ គឺត្រូវតែគោរពសំដៅដល់ការគ្រប់គ្រង និងការការពារអាជីវកម្មរបស់ដៃគូអាជីវកម្ម និងដើម្បីអោយមានភាពរីកចំរើនយូរអង្វែង ក្រុមហ៊ុនមានសិទ្ធិពិន័យដល់ដៃគូអាជីវកម្មណាដែលរំលោភលើបទបញ្ញត្តិទាំងនេះ ដូចជាការព្យួរ ឬការបញ្ចប់នៃសមាជិកភាព ដោយអាស្រ័យលើកម្រិតនៃការរំលោភច្បាប់ ។ លើសពីនេះក្រុមហ៊ុនមិនអនុញ្ញតអោយបន្តធ្វើអាជីវកម្មក្នុងនាមជាដៃគូអាជីវកម្មរបស់ ក្រុមហ៊ុន អិនអេសហ្សេត វើលដ៍ ឡើយក្នុងករណីធ្ងន់ធ្ងរនៃការបំពានច្បាប់ ឬបទបញ្ញត្តិរបស់ក្រុមហ៊ុន ។

III. ការដាក់ពិន័យ និងការលុបសមាជិកភាព
    ក្រុមហ៊ុន អិនអេសហ្សេត វើលដ៍ មានគណកម្មការវាយតំលៃក្រមសីលធម៌ ដើម្បីបង្កាហានីភ័យផ្សេងៗដែលនឹងកើតឡើងដោយដៃគូអាជីវកម្មដែលបំពានលើគោលការណ៍ និងបទបញ្ញត្តិរបស់ក្រុមហ៊ុន ។ គណកម្មការវាយតំលៃក្រមសីលធម៌មានអំណាច និងសមត្ថកិច្ចក្នុងការដាក់ទណ្ឌកម្ម តាមរយ:សេចក្តីសម្រេច ដោយបិទផ្លូវតវ៉ា ។
    ១. គណកម្មការវាយតំលៃក្រមសីលមានសមាជិកចាប់ពី ៥(ប្រាំ)នាក់ឡើងទៅ
    ២.នីតិវិធីនៃការដាក់ពិន័យ របស់គណកម្មការវាយតំលៃក្រមសីលធម៌
        ក. ទទួលពាក្យបណ្តឹង និងភស្តុតាងស្តីពីការរំលោភលើគោលការណ៍ក្រុមហ៊ុន
        ខ. ស្នើអោយចុងចំលើយ ចូលខ្លួនផ្តល់ចំលើយ និងផ្តល់ភស្តុតាងបញ្ជាក់ពីការពិត
        គ. ធ្វើការស៊ើបអង្កេត
        ឃ. ជូនដំណឹងដល់ចុងចំលើយតាមរយៈសារ និងអ៊ីម៉ែល ។
    សមាជិកភាពដែលជាចុងចំលើយ អាចធ្វើការស្នើសុំសម្រាលទណ្ឌកម្ម ឬការពិន័យក្នុងកំឡុងពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេចរបស់គណកម្មការវាយតំលៃក្រមសីលធម៌ ។ ដៃគូអាជីវកម្មទាំងអស់ត្រូវសហការជាមួយគណកម្មការវាយតំលៃក្រមសីលធម៌ ក្នុងដំណើរការស៊ើបអង្កេត ករណីដៃគូអាជីវកម្ម ធ្វើការបង្កភាពរាំងស្ទះដល់ដំណើរការស៊ើបអង្កេត របស់គណកម្មការវាយតំលៃក្រមសីលធម៌ ត្រូវចាត់ទុកសកម្មភាព នោះជាអំពើបំពានលើគោលការណ៍ប្រតិបត្តិរបស់ក្រុមហ៊ុន ។
    ៣. ប្រភេទនៃទណ្ឌកម្ម ដែលត្រូវបានកំណត់ដោយគណកម្មការវាយតំលៃក្រមសីលធម៌ ៖
        ក. ការលុបចោលសមាជិកភាព (បាត់បង់សមាជិកភាពទាំងស្រុង)
        ខ. ផ្អាកការកកើតនៃកម្រៃជើងសារ
        គ. ផ្អាកសមាជិកភាព (បាត់បង់សមាជិកភាពក្នុងរយៈពេលកំណត់)
        ឃ. ផ្អាកផ្តល់កម្រៃជើងសារ
    រាល់ការដាក់ទណ្ឌកម្ម របស់ក្រុមហ៊ុនអាចធ្វើបានចំពោះដៃគូអាជីវកម្ម ដែលជាឯកបុគ្គល និងជាក្រុមខ្សែបណ្តាញតាមកម្រិតនៃការល្មើស ដោយយោងតាមសេចក្តីសម្រេចរបស់គណកម្មការវាយតំលៃក្រមសីលធម៌ ។ រាល់ដៃគូអាជីវកម្ម ដែលបានប្រព្រឹត្តល្មើសក្នុងកម្រិតស្រាល ក្រុមហ៊ុននឹងធ្វើការព្រមាន ករណីមិនធ្វើការកែប្រែក្រោយទទួលការព្រមានលើសពី២ (ពីរ)ដង ក្រុមហ៊ុននឹងធ្វើការពិន័យ និងដាក់ទណ្ឌកម្មតាមកម្រិតនៃការល្មើស ។ ដៃគូអាជីវកម្មទាំងអស់ត្រូវយល់ដឹងអោយបានច្បាស់ពីគោលការណ៍របស់ក្រុមហ៊ុនតាមរយៈវគ្គបណ្តុះបណ្តាលរបស់ SBS ACADEMY ។
    ៤. ការផ្អាកសមាជិកភាព ការចេញពីសមាជិកភាព និងការលុបសមាជិកភាព
        ក. ការផ្អាកសមាជិកភាព ត្រូវធ្វើឡើងភ្លាមៗក្នុងករណីមានការបំពានធ្ងន់ធ្ងរទៅលើគោលការណ៍ក្រុមហ៊ុន (ជូនដំណឹងដល់សមីខ្លួនភ្លាមៗ) ការផ្អាកសមាជិកភាពនឹងធ្វើឡើងចាប់ពីសមីខ្លួនដល់អ្នកណែនាំខាងលើ បំផុតយ៉ាងយូរពីរខែ ក្នុងកំឡុងពេលផ្អាកសមាជិកភាពមិនអាចធ្វើសកម្មភាពបានឡើយ លើសពីនេះអាចនឹងទទួលទណ្ឌកម្មផ្សេងទៀត តាមសេចក្តីសម្រេចរបស់គណកម្មការវាយតំលៃក្រមសីលធម៌ ដូចជា ៖
    ហាមទិញ ឬលក់ផលិតផលដែលគ្មានពិន្ទុ ដោយមិនអាចចុះឈ្មោះចូលជាដៃគូអាជីវកម្មបាន ។ ការសម្រេចផ្អាកអ្នកណែនាំជាក្រុមខ្សែបណ្តាញ ដោយយោងតាមការអវត្តមាន នៃការអប់រំបណ្តុះបណ្តាល
អោយបានត្រឹមត្រូវ និងច្បាស់លាស់ដែលជាតួនាទីយ៉ាងសំខាន់របស់អ្នកណែនាំ ។ ដៃគូអាជីវកម្មទាំងអស់មិនអាចលើកយកមូលហេតុ នៃភាពចន្លោះប្រហោងក្នុងការដាក់ទណ្ឌធ្វើជាលេសដើម្បីរួចផុតពីការដាក់ទណ្ឌកម្មបានទេ ។
        ខ. រាល់ដៃគូអាជីវកម្មអាចចាកចេញពីសមាជិកភាពដោយមានហេតុផលសមស្រប តាមរយៈការស្នើសុំមកក្រុមហ៊ុន ។
        គ. រាល់ដៃគូអាជីវកម្មដែលបានក្លែងបន្លំឯកសារនៅពេលចុះឈ្មោះ ឬធ្វើអោយខូចខាតផលប្រយោជន៍ក្រុមហ៊ុនដោយសារការធ្វើទីផ្សារខុសទិសដៅ នឹងត្រូវធ្វើការលុបឈ្មោះចេញពីសមាជិកភាព ។

IV. លក្ខខណ្ឌចូលរួម
    ១. ការចុះឈ្មោះចូលជាដៃគូអាជីវកម្ម ៖ ក្រុមហ៊ុនត្រូវបានផ្តល់សិទ្ធិអោយជនទូទៅ ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល ដោយមិនគិតពី ភេទ កំរិតនៃការអប់រំ ជំនឿ សាសនា ឬក៏ឋានៈ ប៉ុន្តែក្រុមហ៊ុនក៏បានកម្រិតនូវលក្ខខណ្ឌមួយចំនួនដែលមិនអាចចូលជាដៃគូអាជីវកម្មបានចំពោះជនខាងក្រោម ៖
    ក. រូបវន្តបុគ្គល និងនីតិបុគ្គលដែលមានជាប់ពាក់ព័ន្ធនឹងទោសព្រហ្មទណ្ឌកំរិតធ្ងន់ ដោយអនុលោមតាមច្បាប់រដ្ឋ ។
    ខ. រូបវន្តបុគ្គលដែលជានិយោជិតរបស់ក្រុមហ៊ុន អិនអេសហ្សិត វើលដ៍ សាខាញាតិខ្សែផ្ទាល់ថ្នាក់ទីមួយ និងសហព័ន្ធរបស់និយោជិត ។
    គ. រូបវន្តបុគ្គលដែលមានអាយុតិចជាង១៨ឆ្នាំ ករណីដែលមានជនណាម្នាក់បានចុះឈ្មោះរួចហើយតែការចុះឈ្មោះស្របនឹងលក្ខខណ្ឌហាមឃាត់ខាងលើនេះ ក្រុមហ៊ុននឹងលុបចោលនូវសមាជិកភាពរបស់គេភ្លាមៗ និងមិនមានកាតព្វកិច្ច ណាមួយចំពោះជននោះឡើយ ។
    ២. ដំណើរការចុះឈ្មោះ ៖ ដៃគូអាជីវកម្មត្រូវប្រើឈ្មោះពិត តាមអត្តសញ្ញាណបណ្ណ័ ឬលិខិតឆ្លងដែនពិត ដើម្បីចុះឈ្មោះ ។ ដៃគូអាជីវកម្មថ្មីត្រូវបំពេញឯកសារដែលក្រុមហ៊ុនតម្រូវអោយមានដូចជា៖
    - អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនផ្ទាល់ខ្លួន
    - អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនអ្នកស្នងមរតក
    - លេខទូរស័ព្ទទំនាក់ទំនងផ្ទាល់ខ្លួន
    - អ៊ីម៉ែលដែលប្រើប្រាស់បាន
    - លេខគណនីទ្រូម៉ាន់នីផ្ទាល់ខ្លួន ។ល។
    គ. ដៃគូអាជីវកម្មត្រូវធានាថា គ្រប់ព័ត៌មានដែលបានផ្តល់អោយក្រុមហ៊ុន គឺគ្រប់គ្រាន់ និងត្រឹមត្រូវរួមទាំព័ត៌មានរបស់ដៃគូអាជីវកម្មដែលជាអ្នកណែនាំផងដែរ ។
    ការចុះឈ្មោះ នឹងត្រូវអនុម័តដោយក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុន បានធ្វើការពិនិត្យហ្មត់ចត់ ទៅលើព័ត៌មាន នឹងឯកសារនានាដែលបានផ្តល់សំរាប់ការចុះឈ្មោះ ។ ក្រុមហ៊ុនសុំរក្សាសិទ្ធិត្រួតពិនិត្យលើពត័មានទាំងអស់បានគ្រប់ពេល ។
    ៣. ការបញ្ចប់ និងការចូលជាដៃគូអាជីវកម្មសារជាថ្មី ៖ ដៃគូអាជីវកម្មអាចដកសមាជិកភាពរបស់ខ្លួនពីក្រុមហ៊ុននៅពេលណាក៏បាន ដោយមូលហេតុណាមួយក៏បាន ។ សមាជិកភាពនឹងត្រូវដកចេញដោយយោងតាមការដាក់ពាក្យសុំ និងការបញ្ជាក់នៃការលុបចោលសមាជិកភាពបានបំពេញចប់សព្វគ្រប់ ពីសមីខ្លួនដែលមានបំណងលុបសមាជិកភាព ។ ការចុះឈ្មោះចូលជាដៃគូអាជីវកម្មសារជាថ្មី អាចធ្វើទៅបានក្នុងកំឡុងពេល៦ខែ រាប់ចាប់ពីថ្ងៃដកសមាជិកភាពចេញពីក្រុមហ៊ុន ។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការបញ្ចប់សមាជិកភាព ឬដាក់ពិន័យលើដៃគូអាជីវកម្មណាដែលបានបំពានលើបទបញ្ញត្តិ និងគោលការណ៍របស់ក្រុមហ៊ុន ។
    ៤. ការផ្លាស់ប្តូរព័ត៌មានសម្រាប់ទំនាក់ទំនង និងគណនីធនាគារ ៖ ដៃគូអាជីវកម្មទាំងអស់ត្រូវជូនដំណឹងដល់ក្រុមហ៊ុន នូវរាល់ការផ្លាស់ប្តូរគណនីធនាគារ និងព័ត៌មានលំអិតសម្រាប់ធ្វើការទំនាក់ទំនងដែលបានបញ្ចូលមកអោយក្រុមហ៊ុន ។ ករណីសមាជិកមិនបានជូនដំណឹងស្តីពីការផ្លាស់ប្តូរខាងលើ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខកខានមិនបានទទួលកម្រៃជើងសារ ឬសេចក្តីជូនដំណឹងផ្សេងពីក្រុមហ៊ុន ។
    ៥. ការទទួលមរតក ករណីដែលសមាជិកភាពណាមួយទទួលមរណភាព ៖ អត្តប្រយោជន៍ដែលទទួលបានពីក្រុមហ៊ុនរបស់សមាជិកភាពត្រូវប្រគល់អោយសាច់ញាតិ ឬអ្នកទទួលសិទ្ធិស្នងមករតរបស់គាត់ ។ កម្មវត្ថុក្នុងការកំណត់អ្នកទទួលមរតកត្រូវអនុលោមតាមបទបញ្ញត្តិ និងគោលការណ៍របស់ក្រុមហ៊ុន ។